ក្រសួងអប់រំគ្រឹះស្ថានសិក្សាបិទទ្វារកើនឡើង ៤២សាលា នៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​យោធា​ថៃ​បាន​បាញ់ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា នៅ​ម៉ោងជាង​៥​ភ្លឺ ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០២៥ ក្រសួង​អប់រំ ថា គ្រឹះស្ថានសិក្សា​បាន​បិទទ្វារ​កើនឡើង​៤២​សាលា នៅ​ស្រុក​ថ្មពួក ស្រុក​ស្វាយចេក និង​ស្រុក​អូ​ជ្រៅ ។




យោង​តាម​រយៈ​បណ្ដ​ញ​សង្គម នា​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា គ្រឹះស្ថានសិក្សា ដែល​បាន​បិទទ្វារ​បាន​កើនឡើង​ដល់ ៤២​សាលា នៅ​ស្រុក​ថ្មពួក ស្រុក​ស្វាយចេក និង​ស្រុក​អូ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។


ក្រសួង​បាន​លើក​ឡើង​ថា សាលារៀន​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ខេត្តឧត្តរមានជ័យ បាន​ផ្អាក​ដំណើរការ​ភ្លាម​ៗ​ជា​បណ្ដោះអាសន្ន ដោយសារ​យោធា​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ។



បើ​តាម​រូបភាព​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ឃើញ​សកម្មភាព​កុមារ​តូច​ៗ​ជា​សិស្សានុសិស្ស​បាន​រត់​ចេញពី​បន្ទប់រៀន នៅ​ពេល​លឺ​សម្លេង​គ្រា​.​ប់​កាំភ្លើង​ដែល​ភាគី​ថៃ​បាញ់​មក ។ ទិដ្ឋភាព​នេះ​មើលទៅ​គួរ​ឲ្យ​អាណិត និង​ស​ង្វេ​ក នៅ​ពេល​មាន​សង្គ្រាម​ធ្វើ​ឲ្យ​ក្មេង​ៗ​ខាត​ការ​រៀនសូត្រ ។



ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ចាប់ពី​វេលា​ម៉ោង​ប្រមាណ ០៥:០៤​នាទី យោធា​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា នៅ​ក្នុង​តំបន់​អានសេះ ខេត្តព្រះវិហារ បន្ទាប់​មក​បាញ់​នៅ​ប្រាសាទតាមាន់ធំ ដោយ​ប្រើប្រាស់​រថក្រោះ​បាញ់​ចូល​ជា​ច្រើន និង​នៅ​តំបន់​ប្រាសាទព្រះវិហារ នៅ​៥​មក​រា និង​នៅ​ចំការ​ចេក និង​ការ​បើក​ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​បង្កហេតុ​ជា​ច្រើន​រាប់​មិន​អស់​ច្រើន​ថ្ងៃ​មក​ហើយ ជា​ពិសេស​ឧបទ្ទវហេតុ​កាលពី​ម្សិលមិញ​នៅ​ព្រ​លាន​ថ្ម ក្នុង​ចេតនា​ញុះញង់​ដើម្បី​នាំ​ដល់​ការ​ប៉ះទង្គិច​គ្នា​៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News