បារាំង-ចិន ៖ ក្រោយវិលត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្រុងប៉េកាំងវិញ ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុង បានបន្តឹងសំឡេងដាក់់ចិនដោយគំរាមបង្កើនពន្ធគយនាបណ្ដាខែខាងមុខ ប្រសិនបើក្រុងប៉េកាំងបដិសេធមិនចាត់វិធានការនានា ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដែលមានកាន់តែខ្លាំងឡើងជាមួយសហភាពអឺរ៉ុបទេនោះ ។ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានបារាំងLES ECHOS ចេញផ្សាយនាថ្ងៃទី៧ ធ្នូ លោកម៉ាក្រុងថ្លែងថា ខ្ញុំបាននិយាយហើយថា ប្រសិនបើចិនពុំមានប្រតិកម្មទេ នោះយើងពួកអឺរ៉ុបនឹងត្រូវបង្ខំចិត្ត នាបណ្ដាខែខាងមុខចាត់វិធានការខ្លាំងតបតចិនវិញ ដូចជាបង្កើនពន្ធគយលើបណ្ដាផលិតផលចិន ។ អាមេរិកដាក់ពន្ធគយខ្ពស់លើបណ្ដាផលិតផលចិន តែត្រូវកាត់បន្ថយពី៥៧% មកនៅត្រឹម៤៧% ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងប្រកាសកាលពីដំណាច់ខែតុលា រវាងប្រទេសទាំង២ ។
ប្រធានាធិបតីបារាំងបន្តទៀតថា លទ្ធិគាំពារនិយមរបស់រដ្ឋការលោកត្រាំ ធ្វើឲ្យធ្ងន់ធ្ងរដល់
អ្វីៗ។ វាបង្កើនបញ្ហារបស់យើង ដោយទំនិញចិនហូរចូលខ្លាំងបំផុតក្នុងទីផ្សាររបស់យើង ។ លោកបន្តថា យើងកំពុងប្រឈមមុខនឹងមហាយក្សសេដ្ឋកិច្ច២ ហើយនោះជាបញ្ហាស្លាប់រស់សម្រាប់ឧស្សាហកម្មអឺរ៉ុប ។ យើងនៅសល់ផ្លូវកសាងរណសិរ្សរួមអឺរ៉ុបមួយ តែនោះមិនមែនជារឿងងាយស្រួលឡើយ។ ប្រទេសអាល្លឺម៉ង់នៅរកស៊ីច្រើនជាមួយចិន ហើយនៅមិនទាន់ងាកមកដើរលើផ្លូវតែមួយជាមួយយើងឡើយ ។ ក្រោយមកកាន់ចិនលោកម៉ាក្រុងលើកឡើងជាថ្មីថា អឺរ៉ុបចង់កាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយចិន មុនពេលអឺរ៉ុបទទួលយកការវិនិយោគរបស់ចិន ។ យើងមិនអាចនាំទំនិញចិនដ៏ច្រើនចូលតំបន់យើងឡើយ ។ លោកហាក់ដូចជាគិតដល់ការចំណុះដ៏មហាសាលរបស់អឺរ៉ុបលើចិន ក្នុងគ្រប់វិស័យដោយ ជញ្ចីងពាណិជ្ជកម្មគ្មានតុល្យភាពខ្លាំង ។ កាលពីឆ្នាំទៅមិញ សម្រាប់អឹរ៉ុបមានឱនភាពពាណិជ្ជកម្មជាមួយចិនដល់ជាង៣០០ពាន់លានអឹរ៉ូ ៕

