សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ បើ​ថៃ​ស្រឡាញ់​សន្តិភាព​មែន មិន​ត្រូវ​ប្រើ​កម្លាំងយោធា​វាយប្រហារ​លើ​កម្ពុជា​ទេ និង​ត្រូវ​កំណត់ព្រំដែន​ដោយ​សន្តិវិធី

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៅ​យប់​ថ្ងៃ​ទី​៨ ធ្នូ​នេះ​យ៉ាង​ដូច្នេះ​ថា ៖ «​ថ្នាក់ដឹកនាំ​ថៃ​ធ្លាប់​ប្រកាស​នៅ​តាម​បណ្តាញសារព័ត៌មាន និង​នៅ​តាម​វេទិការ​អន្តរជាតិ​ជា​ប្រចាំ​ថា ប្រទេស​ថៃ​ជា​ប្រទេស​ស្រលាញ់​សន្តិភាព និង​គោរព​ច្បាប់​អន្តរជាតិ​។ ហេតុ​ដូច្នេះ គឺជា​ការ​ភ្ញាក់ផ្អើល​មួយ​នៅ​ពេល​ដែល​ឃើញ​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី៨ ធ្នូ ២០២៥ ថា​កងទ័ព​ភូមិភាគ​ទី​១ របស់​ថៃ​បាន​ប្រកាស​ថា ​នឹង​ប្រើប្រាស់​កម្លាំង​ដើម្បី​ដណ្ដើម​ដែន​អធិបតេយ្យ​របស់​ថៃ​មក​វិញ រួម​ទាំង​ការ​បាញ់កាំភ្លើង​ផ្លោង និង​ចល័ត​កម្លាំងយោធា ចូល​ក្នុងភូមិ​ព្រៃ​ចាន់ ភូមិ​ជោគជ័យ និង​គោលដៅ​មួយ​ចំនួន​ទៀត​នៅ​ខេត្តបន្ទាយមានជ័យ​។




បើ​ថៃ​ពិតជា​ស្រលាញ់​សន្តិភាព និង​ស្រលាញ់​ទឹកដី​ដូច​កម្ពុជា គួរ​រាជរដ្ឋាភិបាល​ និង​កងទ័ព​ថៃ ប្រកាន់​យក​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​សន្តិវិធី ដោយ​ប្រើប្រាស់​យន្តការ​ដែល​បាន​ឯកភាព​គ្នា​និង​បាន​កំពុង​អនុវត្ត​ជាមួយ​គ្នា​។





បើ​ថៃ​ពិតជា​គោរព​ច្បាប់​អន្តរជាតិ​មែន គឺ​មិន​ត្រូវ​ប្រើប្រាស់​កម្លាំងយោធា​ធ្វើការ​វាយប្រហារ​លើ​ភូមិ​ប្រជាជន​ស៊ី​វី​ល​ទេ ក្រោម​ហេតុផល​ដណ្ដើម​យក​ដែន​អធិបតេយ្យ​របស់​ខ្លួន​មក​វិញ​នោះ​ទេ​។ កម្ពុជា​បាន​ប្រកាន់ខ្ជាប់​ជា​ប្រចាំ​នូវ​គោលការណ៍​គោរព​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ជិតខាង ប៉ុន្តែ​ក៏​មិន​អនុញ្ញាត​អោយ​ប្រទេស​ណា​រំលោភ​លើ​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ដែរ​។ ខ្ញុំ​ក៏​បានលឺ​ថ្នាក់ដឹកនាំ​ថៃ​ប្រកាស​ដូច​គ្នា​។

មូលហេតុ​នេះ​ហើយ បានជា​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ (JBC) ដែល​បាន​ដំណើរការ​ជាង ២០​ឆ្នាំ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ឯកសារ​គតិ​យុ​ត្ត​ដែល​បន្សល់​ទុក​ពី​អាណាព្យាបាល​បារាំង ជា​ពិសេស​កំណត់ហេតុ (Procès Verbaux) បោះបង្គោល​របស់​គណៈកម្មការ​កំណត់ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម ឆ្នាំ​១៩០៨-១៩០៩ និង​គណៈកម្មការ​បោះបង្គោល​ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម ឆ្នាំ​១៩១៩-១៩២០​។

ថ្មី​ៗ​នេះ ស្រប​តាម​ស្មារតី​ដែល​បាន​ឯកភាព​គ្នា​រវាង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ (JBC) ភាគី​កម្ពុជា និង​ភាគី​ថៃ​បាន​ឯកភាព​គ្នា​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ​ចុះ​អនុវត្ត​ការងារ​វាស់វែង​និង​បោះបង្គោល​ព្រំដែន​បណ្តោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤២-៤៧ នៅ​ខេត្តបន្ទាយមានជ័យ និង លេខ​៥២-៥៩ នៅ​ខេត្តបាត់ដំបង​។

ការងារ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដោយ​មានការ​សហការ​គ្នា​ល្អ​រវាង​ក្រុមការងារ​បច្ចេកទេស​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។ ជា​លទ្ធផល ការងារ​វាស់វែង​និង​បោះបង្គោល​ព្រំដែន​បណ្តោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២-៥៩ នៅ​ខេត្តបាត់ដំបង​បាន​ដំណើរការ​ស្ទើរតែ​បញ្ចប់ ១០០% និង​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤២-៤៧ ក៏​បាន​កំពុង​ដំណើរការ​ទៅ​ដោយ​រលូន​តាម​លក្ខណៈ​បច្ចេកទេស និង​ស្រប​តាម​សន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង​នានា​ជា​ធរមាន និង​ឯកសារ​គតិ​យុ​ត្ត​ដែល​បន្សល់​ទុក​ពី​អតីត​កាលដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​។

ហេតុ​ដូច្នេះ នៅ​ពេល​ដែល​កងទ័ព​យោធភូមិ​ភាគ​ទី​១​ថៃ បាន​ប្រកាស​ថា​នឹង​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​តំបន់​ក្នុង​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ (​កម្ពុជា​) និង​ខេត្ត​ស្រះ​កែវ (​ថៃ​) ដែល​រួម​ទាំង​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤២-៤៧ ផង​នោះ គឺ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាម​រយៈ​ការ​វាស់វែង​និង​បោះបង្គោល​ព្រំដែន​ស្រប​តាម​សន្ធិសញ្ញា អនុសញ្ញា និង​ច្បាប់​អន្តរជាតិ​។

ខ្ញុំ​សង្ឃឹមថា ភាគី​ថៃ​ដែល​តែងតែ​ប្រកាស​ថា ជា​ប្រទេស​ស្រលាញ់​សន្តិភាព និង​គោរព​ច្បាប់​អន្តរជាតិ នឹង​បន្ត​ប្រើប្រាស់​មធ្យោបាយ​សន្តិវិធី ស្រប​តាម​គោលការណ៍​ច្បាប់ ក្នុង​ការ​ធ្វើការ​វាស់វែង​និង​បោះបង្គោល​ព្រំដែន ដើម្បី​កំណត់​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយ​ៗ​។ នេះ​ជា​វិធីសាស្ត្រ​ងាយ​បំផុត តម្លាភាព​បំផុត និង​យុត្តិធម៌​បំផុត ព្រោះ​កម្ពុជា​គ្មាន​គោលបំណង​រំលោភ​លើ​ដែន​អធិបតេយ្យភាព​ស្របច្បាប់​របស់​ប្រទេស​ជិតខាង​ទេ​។ ការ​វាស់វែង​បាន​លទ្ធផល​យ៉ាងណា កម្ពុជា​នឹង​គោរព​តាម​។ ខ្ញុំ​សង្ឃឹមថា​ប្រទេស​ថៃ នឹង​មាន​ភាព​ស្មោះត្រង់ ក្នុង​ការ​ទទួលយក​លទ្ធផល​ដូច​គ្នា​» ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News