ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ប្រមាណជាង ៥០០នាក់ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាប្រពៃណីទម្លៀមទម្លាប់ ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនមន្ត្រីរាជការ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។

