ខេត្តព្រះវិហារ÷ ស្របតាមស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកក្រោមទិសស្លោក «សមរភូមិក្រោយជួយសមរភូមិមុខ សមរភូមិមុខការពារសមរភូមិក្រោយ» នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំប្រតិភូចុះសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាឧបត្ថម្ភ ប្រគល់ជូនដល់កងវរសេនាតូចលេខ ៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ ៩ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ឈរជើងការពារខ្សែបន្ទាត់ព្រំដែននៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាឱកាសដ៏មានអត្ថន័យនោះ លោក ជិន ប៊ុនធឿន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយចាត់ទុកការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នជាស្នូល ដើម្បីសម្រេចឱ្យបាននូវបាវចនាទាំង ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងបរិបទនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅតែជាខឿនការពារជាតិដ៏រឹងមាំ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពាររដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងថែរក្សាសុខសន្តិភាពពេញលេញ។
ទន្ទឹមនឹងនេះ ដើម្បីតបស្នងគុណូបការៈដ៏ធំធេង និងអនុវត្តតាមការផ្តួចផ្តើមជាប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងការចង្អុលបង្ហាញជាប់ជាប្រចាំពី សម្តេចធិបតី ហ៊ុន ម៉ាណែត ការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់យោធិន ព្រមទាំងក្រុមគ្រួសារ តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គ្រប់ក្រសួង-ស្ថាប័ន។ ជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌទាំង ១៤ ដោយឡែកសម្ព័ន្ធមេត្រីភាពរួមមាន ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ តែងតែផ្សារភ្ជាប់មនោសញ្ចេតនា និងបំពេញកាតព្វកិច្ចចុះសួរសុខទុក្ខយ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ (អំឡុងបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មី) ដូចភ្លៀងរលឹម។
សូមបញ្ជាក់ថា សកម្មភាពចុះសួរសុខទុក្ខ និងការនាំយកអំណោយឧបត្ថម្ភជាប្រចាំនេះ គឺជាផ្លែផ្កាដែលកើតចេញពីចំណងសម្ព័ន្ធមេត្រីភាពដ៏ស្អិតល្មួត រវាងស្ថាប័នសមរភូមិក្រោយ និងកងកម្លាំងប្រដាប់អាវុធសមរភូមិមុខ។ កាយវិការដ៏ប្រពៃនេះមិនត្រឹមតែជួយសម្រាលការលំបាកផ្នែកជីវភាពប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមយ៉ាងកក់ក្តៅដល់វីរកងទ័ព ដែលកំពុងលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី ដើម្បីឱ្យសមរភូមិក្រោយបន្តការអភិវឌ្ឍប្រកបដោយស្ថិរភាព និងចីរភាពតរៀងទៅ៕

