កណ្តាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគារសិក្សាថ្មីមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ព្រែកលួង នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ការចុះពិនិត្យនេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាពការងារ គុណភាពសំណង់ និងស្តង់ដារបច្ចេកទេស ព្រមទាំងធានាថា ដំណើរការសាងសង់ប្រព្រឹត្តទៅស្របតាមផែនការ និងតម្រូវការបច្ចេកទេសដែលបានកំណត់ ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់រយៈពេលវែង។
សូមបញ្ជាក់ថា អគារសិក្សាថ្មីមួយខ្នង កម្ពស់៣ជាន់ មាន១៨បន្ទប់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ជូនដើម្បីចូលរួមលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំ និងបង្កើនបរិយាកាសសិក្សាឱ្យកាន់តែប្រសើរឡើង សម្រាប់សិស្សានុសិស្ស។
សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់វិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
ការសាងសង់អគារសិក្សាថ្មីនេះ គឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

